Search This Blog

Breaking News
recent

វេរញ្ជកណ្ឌ ១

វេរញ្ជកណ្ឌ

[១]សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើប​ប្រកាស​សេចក្តី​ថា) ម្នាល​គ្នា​យើង បាន​ឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញ​ចាក​​សក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ឥឡូវ​មក​គង់​នៅ​ក្បែរ​ដើម​ស្តៅ ជា​លំនៅ​របស់​នឡេរុ​យក្ស ជិត​ស្រុកវេរញ្ជា ជាមួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏​ពីរោះ​របស់​​ព្រះគោតម​ដ៏ចំរើន​នោះ ឮ​ខ្ចរខ្ចាយ សុះសាយ យ៉ាង​នេះ​ថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​​គ្រប់​យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺ​សេចក្តី​ចេះដឹង​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ថា អនុត្តរោ ព្រោះ​ព្រះអង្គ​ប្រសើរ ដោយ​សីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជា​អ្នកទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន​បាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​​ទេវតា ​និង​មនុស្ស​ទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះ​​ព្រះអង្គ​​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះអង្គ​បាន​ត្រាស់ដឹង បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ​នូវលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ​និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះ​បទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌​បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាង​ហ្នឹង ជាការប្រពៃពេក ។

[២]គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់ សំណេះ​សំណាល​ទៅ​រក​ព្រះដ៏មានព្រះភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រឭក​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ផ្តើម​ពាក្យ​នេះ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិន​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរឆ្នាំ​មក​ហើយ មាន​អាយុ​ក៏​ជ្រុល​ចូល​មក​​ក្នុង​បច្ឆឹមវ័យ​ហើយ ទោះបី​គ្រាន់​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា ព្រះសមណគោតមដ៏ចម្រើន មិន​​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់នៅ​​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ក៏ជ្រុល​ចូល​មក​​ក្នុង​​បច្ឆឹមវ័យ​ហើយ ថា សូម្បី​ត្រឹម​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះឲ្យអង្គុយលើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន កិច្ច​មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំ​សមគួរ​ឡើយ ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ក្នុង​លោក (នេះ) ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ​ព្រម​ទាំង​សមណៈនិង​ព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​​ឲ្យ​អង្គុយ​លើ​អាសនៈ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បើ​តថាគត​សំពះ​អ្នកណា ឬក្រោកទទួលអ្នកណា ឬ​អញ្ជើញ​ហៅ​រក​អ្នក​ណា​ឲ្យ​អង្គុយ​លើ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​-ក ។ វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​​ច្រឡោះបោះ​ទៅ​រក​ព្រះសាស្តា​ថា ព្រះគោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះ​កក្រោះ ឥត​រសជាតិ​ទេ​តើ ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នកផង​គេ​ថា ព្រះសមណគោតម​ជា​មនុស្ស​សោះកក្រោះ ឥតរសជាតិ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យ​អស់រលីងដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​​រំលើង​ ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​​តទៅ​​ខាង​មុខ​ទៀត​ហើយ ម្នាលព្រាហ្មណ៍ ដែល​អ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះ​កក្រោះ ឥត​រសជាតិនោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន គ្មាន​គ្រឿង​បរិភោគ​ទេ​តើ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាលព្រាហ្មណ៍ ពិត​មែន មានហេតុជាទំនង គួរ​ឲ្យ​អ្នក​ផង​គេថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​​បរិភោគ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​បរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្ស​​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​​សម្រាប់​កើត​ទៀត​ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀតងហើយ ជាធម៌​លែង​​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ជា​ធម៌​មិនមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ គឺជា​សំដី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ ថា​មិនត្រូវ​ធ្វើ​ទេ​តើ ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​​ពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវ​ធ្វើ ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ហាម​ឃាត់​ថា មិនត្រូវ​អ្នក​ណា​មួយ​ធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តថាគត​តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណា​មួយ ធ្វើ​នូវ​ធម៌​ទាំងឡាយ​ជា​អកុសល​ដ៏​អាក្រក់​ច្រើន​ប្រការ​នោះ​ឡើយ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះ​សមណគោតម ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា មិន​ត្រូវ​ធ្វើ​នោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល​ទេ​តើ ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់​ផ្តាច់​ផ្តិល​នូវ​រាគៈ ទោសៈ មោហៈ តថាគត​តែង​​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់​ច្រើន​យ៉ាង​នោះ​ចេញ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផងគេ​ថា ព្រះសមណគោតម ជា​អ្នក​ពោលពាក្យ​ផ្តាច់​ផ្តិល​នោះ គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​​ខ្ពើម​រអើម​ណាស់​ទេ​តើ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នក​ផងគេថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​ខ្ពើម​សេចក្តី​ប្រព្រឹត្តិ​អាក្រក់ ដោយ​កាយ វាចា ចិត្ត តថាគត​ខ្ពើម​សេចក្តី​ប្រកប​ចិត្ត​ផ្តេកផ្តិត​ទៅរកអកុសលធម៌​ ទាំងឡាយដ៏អាក្រក់​ច្រើន​ប្រការ (នោះ​ណាស់) ម្នាល​ព្រាហ្មណ៍​ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ ។ ព្រះ​លោកនាថ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ ដែល​គេថា​​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវប្រតិបត្តិ ដែល​រំលាង​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ​នោះ គឺ​​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ដុត​កំដៅ​ទេ​តើ ។ ព្រះសព្វញ្ញូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម​ជា​អ្នក​ដុត​កំដៅ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាលព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការ​ប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត ជា​ទីតាំង​នៃ​សេចក្តី​ក្តៅ​ក្រហាយ ជា​អកុសលធម៌ដ៏​អាក្រក់ អកុសល​ធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើ​អ្នកណាបានលះបង់​ស្រឡះ​ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង​ដូច​ដើមត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​​តទៅ​ទៀត​ហើយ ឲ្យជាធម៌លែងមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ជា​ទីតាំង​នៃ​សេចក្តី​ក្តៅក្រហាយ (នោះ)​ តថាគត​​ឯង​​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ដុត​កំដៅ​នោះ​គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏​ចម្រើន ជាមនុស្សឥតកំណើតទេតើ ។ ព្រះដ៏​មាន​ជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុ​ជាទំនង គួរឲ្យអ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅ​​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលីង ឲ្យលែងដុះ​តទៅទៀតហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នកនោះ​ថា អ្នក​ឥត​កំណើត ម្នាល​ព្រាហ្មណ៍ កិរិយា​ដេក​ក្នុង​គភ៌​តទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត (នោះ) តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​​អស់​ហើយ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូច​ជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​​ខាងមុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​ឥត​កំណើត​នោះ គឺ ​​ត្រូវត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។

[៣]ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ ក្តី ១២ ក្តី ពងមាន់ទាំងនោះ គឺមេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវា​ជាមេដោយ​ប្រពៃ​ហើយ (លុះ​ដល់​​វេលា​​ញាស់) ក៏​បណ្តា​កូនមាន់​ទាំង​នោះ កូន​មាន់​ណាទំលាយ​សម្បក​ពងដោយ​ចុង​ក្រចក​ជើង ឬ​ ដោយ​​ចុង​ចំពុះ ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុន​គេ​បំផុត បើ​ដូច្នេះ តើ​អ្នក​​ផង​​គួរ​ហៅ​កូនមាន់​នោះ​ថា កូន​​ច្បង ឬ​កូន​ពៅ​ហ៏ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន (កូនមាន់​នោះ) គេ​គួរ​ហៅ​ថា កូន​​ច្បង ព្រោះ​វា​ជា​បង​គេ​បំផុត ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាល​បើ​ពពួក​សត្វ ដូចជា​ពង​មាន់ កើត​ហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូច​ជា​សម្បកពង​កំពុង​រួបរឹត​ក្នុង​លោក មានតែតថាគតម្នាក់​ឯង ដែល​​ទំលាយ​សម្បក​ពង គឺ​សេចក្តី​ល្ងង់ ហើយ​ត្រាស់ដឹង​ខ្លួន​ឯង​ដោយ​ប្រពៃ​នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិន​​មាន​គុណជាត​ឯ​ទៀត ប្រសើរ​ជាង​ឡើយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង​ជា​ចម្បង ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​​សត្វលោក ម្នាល​ព្រាហ្មណ៍ ព្យា​យាមតថាគត​បាន​តាំង​ផ្តើម​ហើយ មិន​បន្ធូរ​បន្ថយ​ទេ ទាំង​ស្មារតី តថាគត​ក៏​​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយ​សោត ក៏​ស្ងប់​រំងាប់​មិន​ក្រវល់​ក្រវាយ ចិត្ត​ក៏​នឹង​ល្អ ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង លុះ​ដល់​ប្រាកដ ជា​ស្ងាត់​ចាកកាម​ទាំង​ឡាយ ប្រាកដ​ជា​ស្ងាត់​ចាក​ធម៌​ទាំង​​ឡាយ ជា​អកុសល​ហើយ ក៏​ចូល​ដល់​បឋមជ្ឈាន ដែល​ប្រកប​ដោយ​វិតក្កៈ វិចារៈ មាន​បីតិ និង​សុខ ដែល​កើត​​អំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​នៅ​ហើយ។ លុះ​តថាគត ចូល​ទៅ​ជិត​រំងាប់​វិតក្កៈ វិចារៈ រួច​ហើយ ក៏​​បាន​ចូល​ដល់​ទុតិយជ្ឈាន ជាទី​ផូរផង់​ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មាន​តែបីតិនិងសុខ កើតពី​សមាធិ​នៅ​ហើយ ។ លុះ​លះបង់​បីតិ​ចេញ​ហើយ តថាគត​ជា​បុគ្គល​ព្រងើយ មាន​​សតិ មាន​សេចក្តី​ដឹងច្បាស់​នៅ​ហើយ តថាគត​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​​សំដែង​​នូវ​បុគ្គល ដែល​បាន​តតិយជ្ឈាន​ណា ថា​ជា​បុគ្គល​មាន​ចិត្ត​ព្រងើយ ជា​អ្នក​មាន​ស្មារតី មាន​ប្រក្រតី​​នៅ​ជា​សុខ តថាគត​ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ។ ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះ​លះ​បង់​នូវ​​សេចក្តី​ទុក្ខ​ផង ព្រោះ​រំលត់​នូវ​សោមនស្ស និង​ទោមនស្ស អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​​ចតុត្ថជ្ឈាន​ឥត​​ទុក្ខ ឥត​សុខ មាន​សតិ​ដ៏​ស្អាត​ព្រោះ​ឧបេក្ខា​ហើយ​នៅ។ កាល​ដែល​ចិត្ត​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​​កិលេស ប្រាសចាកសេចក្តីសៅហ្មង ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ យ៉ាង​នេះ​​ហើយ តថាគត​ឯង ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ (ញាណ​ជា​គ្រឿង​រឭកជាតិ​​មុន​បាន) ។ តថាគត​ឯង ក៏​រឭកជាតិ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន ជា​អនេក​ជាតិ។ រឭក​ជាតិ​បាន​​ដូចម្តេច ។ រឭកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រឭក​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើន​សំវដ្តវិវដ្ដកប្ប​ក៏​បាន ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯ​ណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មាន​​អាហារ​​​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើត​ក្នុង​ភព​នោះ តថាគត​ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ឯង​ច្យុត​ចាក​អត្តភាព​នោះ​ហើយ មក​កើត​ក្នុង​ភព​នេះ ។ តថាគត​រឭក​តាម​នូវ​ជាតិ ដែល​​អាស្រ័យ​នៅ​ពី​មុន បាន​ច្រើន​ជាតិ ព្រមទាំងអាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជា​​នេះ​ហើយ ដែល​តថាគត​បាន​ត្រាស់ដឹង​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្ចាត់​បាត់​ទៅ សេចក្តី​​ចេះដឹង​ប្រាកដ ក៏​កើត​ឡើង​ ងងឹត​​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស​ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជាបណ្ឌិត​ទាំង​ឡាយ ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ដូច្នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​បឋមវិជ្ជា​ដែល​តថាគត​បាន​ត្រាស់ដឹង​ហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធ​​ផូរផង់ មិន​មាន​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង​ជា​ចិត្ត​ទន់សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹងធឹងមិនញាប់ញ័រ​​យ៉ាង​នេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​ញាណ ដែល​នាំ​ឲ្យ​បាន​ត្រាស់ដឹង​នូវ​ចុតិ និង​បដិសន្ធិ​​នៃ​សត្វ​ទាំងឡាយ គឺចុតូបបាតញ្ញាណ ។ តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំងឡាយ ដែល​ច្យុត និង​ចាប់​​បដិសន្ធិ​ទាប​ថោក​ និងឧត្តម មាន​សណ្ឋាន​ល្អ និង​អាក្រក់ ទៅ​កាន់​សុគតិ និង​ទុគ្គតិ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ​​ដ៏​​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​​ថា អើហ្ន៎ សត្វ​ទាំង​អម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​​កម្ម ជា​មិច្ឆាទិដ្ឋិ និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វ​ទាំង​នោះ លុះ​ដល់​រំលាង​ខន្ធ បន្ទាប់​អំពី​​មរណៈ ក៏​ទៅ​កើត​ឯ​អបាយ [កំណើត​សត្វតិរច្ឆាន] ទុគ្គតិ [ប្រេត​វិស័យ] វិនិបាត [អសុរកាយដែលមានមហិទ្ធិឫទ្ធិ​ដូច​រាហូអសុរិន្ទ​ជាដើម] នរក [លោក​ដែល​គ្មាន​​សេចក្តី​ចំរើន​មាន​ប្រការ​ច្រើន មានអវចីនរកជាដើម] មួយ​សោត អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​សម្មា​ទិដ្ឋិ​ ប្រកាន់មាំ​នូវ​កម្ម ជា​សម្មា​ទិដ្ឋិ មិន​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំង​អម្បាល​នោះ លុះដល់​​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ក្នុង​លោក គឺ​សុគតិ [សង្គ្រោះយក​គតិ​របស់​មនុស្ស​ចូល​ផង] និង​ស្ថាន​សួគ៌ [ចំពោះ​យក​គតិ​នៃ​ទេវតា​តែ​ម្យ៉ាង]។ តថាគត​ពិចារណា​មើល​​នូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់​បដិសន្ធិ ទាប​ថោក និងឧត្តម មាន​សណ្ឋានល្អ និងអាក្រក់ ទៅកាន់​​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម ដោយ​ប្រការ​ដូច្នេះ ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២នេះ​ឯង​ហើយ ដែល​តថាគតបានត្រាស់ដឹងក្នុងយាមជា​កណ្តាល​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់​ទៅ សេចក្តី​ចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ងងឹតខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹក​នា​ដល់​កាយ និង​ជីវិត​ឡើយ ដូចជាបណ្ឌិតទាំងឡាយ​​ដែល​បាន​នូវ​វិជ្ជា​ទី២ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​វិជ្ជាទី២ ដែល​តថាគត​បាន​ត្រាស់​ដឹង​​ហើយ ដូចជា​កូនមាន់​ដែល​ញាស់​ចេញចាក​សម្បក​ពង។ កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិន​មាន​​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង ជា​ចិត្តទន់ សមគួរ​ដល់​កម្ម ជាចិត្ត​នឹង​ធឹងមិនញាប់ញ័រ យ៉ាងនេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចំពោះ​ទៅ​ក្នុង​ញាណ​ជា​ហេតុ​ឲ្យ​បាន​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ គឺ​អាសវ​ក្ខយញ្ញាណ តថាគត​ក៏​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ប្រាកដ​តាម​ពិត​ថា នេះជា​ហេតុ​នាំឲ្យ​កើត​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះ​ជា​សេចក្តី​រលត់​ទុក្ខ ដឹងប្រាកដ​តាម​ពិត​ថា នេះ​ជា​បដិបទា​ឲ្យ​បាន​ដល់​នូវ​​សេចក្តី​​រលត់​ទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ដឹងប្រាកដ​តាម​ពិតថាធម៌នេះជាហេតុនាំឲ្យ​កើត​អាសវៈ ដឹងប្រាកដតាមពិតថា នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​បដិបទា​ឲ្យ​បាន​​ដល់​នូវ​សេចក្តី​រលត់​នៃ​អាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ តថាគត​ឃើញ​យ៉ាងនេះ ចិត្តតថាគតក៏​ផុត​ចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង កាល​បើ​ចិត្ត​តថាគត​បាន​រួច​ផុត​ស្រឡះ​ហើយ ប្រាជ្ញាក៏កើត​ប្រាកដដល់តថាគតថា ចិត្តរួច​ផុត​ស្រឡះ​ចាក​អាសវៈ​ហើយ ទាំង​តថាគត​ក៏​ដឹង​ច្បាស់​ថា កំណើត​របស់​អញ​​អស់​ហើយ ព្រហ្មចរិយធម៌​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញ​ក៏​បាន​ធ្វើ​ស្រេច​ហើយ កិច្ច​​ដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី៣ នេះ​ហើយ ដែល​តថាគត​បាន​​ត្រាស់​ដឹង​​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់បាត់​ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ​ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជា​បណ្ឌិត​ទាំងឡាយ ដែល​​បាន​នូវ​វិជ្ជា​ទី៣ នុ៎ះ​ដូច្នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ការ​ត្រាស់ដឹង​របស់​តថាគត ជា​គំរប់៣​នេះ ដូចគ្នា​នឹង​ការ​​ញាស់​ចេញ​របស់​កូនមាន់​អំពី​សម្បកពង ។
Pdach Kar

Pdach Kar

No comments:

Post a Comment

Powered by Blogger.