Search This Blog

Breaking News
recent

បារាជិកកណ្ឌ សិក្ខាបទទី ១

 

បារាជិកកណ្ឌ សិក្ខាបទទី ១

[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅ​មិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុក​នោះមាន​កូនសេដ្ឋីម្នាក់​ឈ្មោះ​សុទិន្នកុមារជាបុត្ររបស់​កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រ​ជាមួយនឹងសំឡាញ់​ទាំងឡាយ​ច្រើននាក់ នាំគ្នាទៅឯ​ក្រុងវេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់មានពពួក​បរិសទ្យច្រើនគាល់​ត្រៀបត្រា ទ្រង់កំពុងគង់​សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះ​បានឃើញ​ព្រះអង្គមាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា កំពុង​សំដែងធម៌។ លុះឃើញ​ហើយ សុទិន្នកុមារ​នោះក៏មាន​សេចក្តីតិ្រះរិះ​ថា អាត្មាអញ​គួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រក៏​ចូលទៅកាន់ទីដែល​បរិស័ទ្យអង្គុយនោះ លុះចូល​ទៅដល់ហើយ បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរ។ កាលដែល​សុទិន្នកុមារ​កលន្ទកបុត្រ​​បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរហើយ ក៏មាន​សេចក្តីត្រិះរិះថា ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​ដំណើរ​យ៉ាងណាៗ អញក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ ប៉ុន្តែបើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិបូណ៌​តែម្យ៉ាង ឲ្យ​បរិសុទ្ធ​តែម្យ៉ាង​ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​​នោះទេ បើលុះ​តែអញ​កោរសក់​និងពុកមាត់​ពុកចង្កា រូចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះ​ទៅបួស​ប្រតិបត្តិ​ក្នុងផ្នួស​ដែល​គ្មានប្រយោជន៍ ដោយកិច្ចការ​ក្នុងផ្ទះ​(នោះទើប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​កើត)។ គ្រានោះ ពួក​បរិសទ្យ​បានស្តាប់ធម្មីកថា​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ណែនាំ​ពន្យល់​​ឲ្យ​ជឿជាក់​កុសលធម៌ ឲ្យរីករាយ​រាល់គ្នាហើយ ក៏ក្រោក​ចាក​ទីអង្គុយ ក្រាបថ្វាយបង្គំ​ព្រះអង្គ រួចដើរ​ប្រទក្សិណ​ហើយក៏ចេញ​អស់ទៅ។ ឯ​សុទិន្នកលន្ទកបុត្រ កាល​បើពួក​ពុទ្ធបរិស័ទ្យ​ក្រោកទៅអស់​ហើយភ្លាម ក៏ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ក្រាបថ្វាយ​បង្គំ​ព្រះអង្គ​ដោយគោរព រួចអង្គុយ​ក្នុងទីមួយ​ដ៏សមគួរ។ លុះ​សុទិន្នកលន្ទកបុត្រ អង្គុយ​នៅក្នុងទីមួយដ៏សម​គួរហើយ ក៏ក្រាបទូល​ព្រះអង្គថា សូមទ្រង់​ព្រះមេត្តា​ប្រោស ធម៌​ដែលព្រះអង្គ​សំដែងហើយ ដោយដំណើរ​យ៉ាងណាៗ ខ្ញុំព្រះអង្គ​បាន​យល់​តាមដំណើរ​ទាំង​នោះដែរហើយ ប៉ុន្តែ​បើខ្ញុំ​ព្រះអង្គ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ (យ៉ាង​នេះ) ក៏មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​នោះទេ សូមទាន​ខ្ញុំ​ព្រះអង្គ​ចង់​កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាក​ផ្ទះ​មកបួស​ប្រតិបត្តិ​ក្នុងផ្នួស ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ណាស់) សូម​ព្រះដ៏មាន​ជោគ ទ្រង់​បំបួស​ខ្ញុំព្រះអង្គ​ផង។ ព្រះសាស្តា​ទ្រង់ត្រាស់​សួរថា ម្នាលសុទិន្ន ចុះអ្នក​ឯងមាតាបិតា​បាន​យល់ព្រម​ឲ្យចេញចាក​ផ្ទះមក​បួសប្រតិបត្តិ​ក្នុងបព្វជ្ជា ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ហើយឬ។ សុទិន្នក្រាប​ទូលថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​មាតាបិតា​មិនទាន់​បានយល់ព្រម​ឲ្យចេញចាក​ផ្ទះ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា​នៅឡើយទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​តបថា ម្នាលសុទិន្ន ព្រះតថាគត​ទាំងឡាយ មិនដែល​បំបួសកូនដែល​មាតាបិតា មិនទាន់​អនុញ្ញាត​នោះទេ។ សុទិន្នក្រាប​ទូល​ថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​ទទួចលា​មាតាបិតា ត្រាតែ​អនុញ្ញាត​ឲ្យ​ខ្ញុំព្រះអង្គ​ចេញចាកផ្ទះ​មក​បួសក្នុង​ព្រះពុទ្ធសាសនា​ឲ្យបាន។
[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈ​ដែលខ្លួន​ត្រូវធ្វើក្នុង​ក្រុងវេសាលីនោះរួច​ស្រេច​ហើយ ក៏វិល​ត្រឡប់​មក​ស្រុកកលន្ទ​វិញ បានចូល​ទៅរកមាតាបិតា ហើយ​ជំរាប​មាតាបិតា​ថា បពិត្រ​អ្នកម្តាយ អ្នកឪពុក ខ្ញុំបាទ​បានស្តាប់​ធម៌​ដែល​ព្រះដ៏មាន​ជោគ​ទ្រង់សំដែង​ដោយ​ដំណើរ​យ៉ាងណាៗ ក៏យល់​តាម​ដំណើរ​ទាំងនោះ​ហើយ ខ្ញុំបាទ​គិតថា បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​នោះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាងដូចជា​ស័ង្ខដែលគេខាត់​ហើយនោះទេ ខ្ញុំបាទ​ចង់កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះទៅ​បួសប្រតិបត្តិ​ក្នុងផ្នួស​ដែលគ្មាន​ប្រយោជន៍​ដោយកិច្ចការ​ក្នុងផ្ទះ​(នោះ​ណាស់) សូមអ្នក​ម្តាយ អ្នកឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ​ចេញ​ចាកផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ឲ្យទាន។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ កាលបើ​បានឮកូន​លាដូច្នេះ​ហើយ ក៏និយាយ​ឃាត់ថា ម្នាល​សុទិន្នកូន បាឯង​ជាបុត្រឯក​របស់យើង ជាទី​ស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់​ឋិត​នៅក្នុង​សេចក្តីសុខ មានអ្នក​ទំនុកបម្រុង​ឲ្យបានសេចក្តី​សុខ នែ​សុទិន្នកូន បាឯង​មិនដែល​ស្គាល់​ទុក្ខបន្តិច​បន្តួច​សោះឡើយ ទោះបី​បាឯងស្លាប់​ក្តី យើងក៏​មិន​ចង់ព្រាត់ប្រាស​ចាកបា​ឯងទេ យើង​នឹង​អនុញ្ញាត​បាកំពុង​រស់នៅ​ឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធសាសនា​ម្តេចបាន។ ទើប​សុទិន្នកលន្ទបុត្រ​និយាយ​ពាក្យនេះ​នឹង​មាតាបិតា​ជាគំរប់ពីរដង​ថា បពិត្រមាតាបិតា ធម៌ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ​ដោយ​ដំណើរ​យ៉ាងណាៗ ខ្ញុំបាន​យល់តាម​ដំណើរ​ទាំងនោះ​ដែរ​ហើយ ប៉ុន្តែ​បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ​​(យ៉ាង​នេះ) ក៏មិន​ងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខ​ដែលគេខាត់​ហើយ​នោះទេ ខ្ញុំចង់​កោរសក់​និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់សម្ពត់​ជ្រលក់​អម្ចត់ ហើយ​ចេញ​ចាក​ផ្ទះ មកបួស​ក្នុងព្រះពុទ្ធសាសនា សូម​មាតា​បិតា​អនុញ្ញាត​ឲ្យ​ខ្ញុំចេញចាក​ផ្ទះ ទៅបួស​ក្នុងព្រះពុទ្ធ​សាសនា​ឲ្យទាន។ មាតាបិតា​របស់សុទិន្នកលន្ទបុត្រ ទើប​និយាយ​នឹង​សុទិន្នកលន្ទបុត្រ​ជាគំរប់ពីរដង​ដូច្នេះថា នែសុទិន្នកូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់ពេញចិត្ត​របស់យើង (បាឯង) ធ្លាប់​ឋិត​នៅក្នុង​សេចក្តី​សុខ មាន​អ្នក​ថែរក្សា​ឲ្យបាន​សេចក្តី​សុខ នែបាសុទិន្ន បាមិនធ្លាប់​ស្គាល់សេចក្តី​ទុក្ខបន្តិច​បន្តួច​សោះ ទោះបី​បាឯង​ស្លាប់ក្តី យើងមិន​ចង់​ព្រាត់ប្រាស​ចាកបា​ទេ យើងនឹង​​អនុញ្ញាត​បា​កំពុងរស់​នៅឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ម្តេច​បាន។ សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងមាតាបិតា​ជាគំរប់បី​ដងថា បពិត្រ​មាតាបិតា ខ្ញុំ​ដឹង​ច្បាស់​នូវធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ដោយអាការ​យ៉ាងណាៗ ធម្មតា​អ្នកនៅ​គ្រប់គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​បុគ្គល​ដុសខាត់​ហើយ មិនងាយ​ធ្វើទេ ខ្ញុំប្រាថ្នា​ដើម្បី​កោរសក់ និង​ពុកមាត់ ហើយ​ស្លៀក​ដណ្តប់​សម្ពត់កាសាយៈ ហើយចេញ​ចាក​ផ្ទះទៅបួសជា​បុគ្គល​មិនត្រូវ​ការដោយ​ផ្ទះ ហេតុនេះ​សូម​មាតា​បិតា​អនុញ្ញាត​ខ្ញុំ ឲ្យចេញ​ចាក​ផ្ទះទៅបួស​ជាបុគ្គល​មិនត្រូវ​ការ​ដោយផ្ទះ​វិញ​ចុះ។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ជាគំរប់បី​ដងថា នែ​សុទិន្ន​កូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​យើង ធ្លាប់ឋិតនៅ​ក្នុងសេចក្តី​សុខ មានអ្នក​ថែទាំឲ្យបាន​សេចក្តីសុខ នែបាសុទិន្ន បាមិន​ស្គាល់​សេចក្តី​ទុក្ខ​បន្តិច​សោះ ទោះបី​ស្លាប់ទៅក្តី យើងក៏​មិនប្រាថ្នាឲ្យ​ព្រាត់ប្រាសចាក​បា យើងនឹង​អនុញ្ញាតបា ដែល​កំពុង​រស់នៅ​ឲ្យ​ចេញ​ចាក​ផ្ទះ​ហើយ​បួសក្នុង​សាសនា​ម្តេចបាន។ គ្រានោះឯង​សុទិន្នកលន្ទបុត្រគិត​ថា មាតាបិតា​មិនអនុញ្ញាត​អញ​ឲ្យ​ចេញ​ចាក​ផ្ទះ​បួស​ក្នុង​សាសនា ដូច្នេះ​ហើយ ក៏ដួល​ដេក​នៅលើ​ផែនដី ប្រាសចាក​គ្រឿងកំរាល​ក្នុង​ទីនោះ​ឯងដោយ​គិតថា អញ​នឹង​ស្លាប់​ឬនឹង​បានបួស​ក្នុងទីនេះ​ជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបាន​បរិភោគបាយ​អស់មួយ​ពេល ២ពេល​ក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេល​ក៏មាន ៦ពេល​ក៏មាន ៧ពេលក៏មាន។
[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយ​នឹង​សុទិន្នកលន្ទបុត្រថា ម្នាល​សុទិន្នកូន បាឯង​​ជាកូនប្រុស​​តែមួយ ហើយជា​ទីស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់សុខ​ធ្លាប់សប្បាយ​ដោយមាន​ស្រីពីលៀង​ថែរក្សា សុទិន្នកូន បាឯង​មិនធ្លាប់​ស្គាល់​សេចក្តីទុក្ខ​តិចតួច​សោះទេ ទោះបី​បាស្លាប់ទៅ​ក្តី យើង​ក៏មិនចង់​ឲ្យព្រាត់​ប្រាសចាក​បាឡើយ យើងនឹង​អនុញ្ញាត​អ្នកកំពុង​រស់នៅ ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាល​បើអ្នក​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើ​ហើយ ចូរបរិភោគ​កាមនិងធ្វើ​បុណ្យចុះ យើងមិន​ព្រមអនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ។ កាលបើ​មាតាបិតា​ពោលយ៉ាង​នេះហើយ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ។ ឯ​មាតាបិតា​សុទិន្នកលន្ទបុត្រ​និយាយលួង​លោម​សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែ​សុទិន្នកូន អ្នក​ឯងជា​កូនប្រុស​តែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​យើង ធ្លាប់ចំរើន​ដោយសេចក្តី​សុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ សុទិន្នកូន អ្នកឯង​មិនដែល​ស្គាល់សេចក្តី​ទុក្ខតិចតួច​សោះ ទោះបី​អ្នកឯង​ស្លាប់ទៅ​ក្តី យើងមិន​ចង់ឲ្យព្រាត់​ប្រាសចាក​អ្នកឯង​ឡើយ យើង​នឹង​អនុញ្ញាត​ដល់អ្នក​កំពុង​រស់នៅ​ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាលបរិភោគ​បាយ ផឹកទឹក និងឲ្យគេ​បំរើហើយ ចូរបរិភោគ​កាម និងធ្វើ​បុណ្យតាម​ប្រាថ្នាចុះ យើងមិន​ព្រម​អនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ​ទៅវិញ​ជាគំរប់បីដង។
[១៣] លំដាប់នោះ ពួកសំឡាញ់​សុទិន្នកលន្ទបុត្របាន​នាំគ្នាចូលទៅ​និយាយអង្វរ​សុទិន្នកលន្ទបុត្រ​ថា នែសុទិន្នសំឡាញ់ អ្នកឯង​ជាកូនប្រុស​តែមួយ ហើយ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​មាតាបិតា ធ្លាប់បាន​សេចក្តីសុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ នែ​សុទិន្ន​សំឡាញ់ អ្នកឯង​មិនធ្លាប់​ស្គាល់សេចក្តី​លំបាកតិច​តួចសោះ​ទេ ទោះបីអ្នក​ស្លាប់ទៅ​ក្តី មាតាបិតា​របស់អ្នក ក៏មិន​ចង់ឲ្យ​ព្រាត់ប្រាស​ចាកអ្នក​ឡើយ មាតាបិតា​ទាំងឡាយ​របស់អ្នក​នឹងអនុញ្ញាត​អ្នកដែល​កំពុងរស់​នៅឲ្យចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន នែសុទិន្ន​សំឡាញ់ ចូរអ្នក​ក្រោកឡើង បរិភោគ​បាយ ផឹកទឹក ឲ្យគេ​បំរើទៅ កាលបើអ្នក​បរិភោគបាយ​ចំណី ផឹកទឹក​ឲ្យគេបំរើខ្លួន​ហើយ និងបរិភោគ​នូវកាមទាំង​ឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយ​សប្បាយ​តាមសេចក្តី​ប្រាថ្នាចុះ មាតាបិតា​ទាំងឡាយ​របស់អ្នក មិនព្រម​អនុញ្ញាត​ឲ្យអ្នកចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ កាល​បើពួកសំឡាញ់​របស់សុទិន្ន​ពោលពាក្យ​យ៉ាងនេះ​ហើយ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម។ ពួក​សំឡាញ់​របស់​សុទិន្នកលន្ទបុត្រ​បានពោល​នូវពាក្យ​នេះនឹង​សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែសុទិន្ន​សំឡាញ់ អ្នក​ឯង។បេ។ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម​អស់វារៈជា​គំរប់បី​ដង។ គ្រានោះ​ឯង មាតាបិតា​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​នៅក្នុង​ទីណា សំឡាញ់​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ បានពោល​នូវពាក្យ​នេះនឹងមាតា​បិតាទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ​ថា បពិត្រ​លោកម្តាយ លោក​ឪពុក សុទិន្ន​នេះដេកនៅ​លើផែនដី រក​គ្រឿង​កំរាល​អ្វីគ្មាន​សោះទេ ហើយ​គិតថា សេចក្តី​ស្លាប់ក្តី បព្វជ្ជា​ក្តី នឹងមាន​ដល់អញ​ក្នុងទីនេះ​ឯង បើលោក​ទាំងឡាយ​មិនព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុងព្រះពុទ្ធ​សាសនា​ទេ សុទិន្ន​នឹងដល់​នូវសេចក្តី​ស្លាប់ក្នុង​ទីនោះ​មិនខាន​ឡើយ ប្រសិន​ណាបើ​លោក​ទាំងឡាយ​ព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា គង់តែ​នឹងបាន​ឃើញមុខ​សុទិន្ន ដែល​នៅជា​អ្នកបួស​តទៅ បើ​សុទិន្នមិន​ត្រេកអរ​ក្នុងបព្វជ្ជា​ហើយ គតិ​របស់សុទិន្ន​នោះប្រព្រឹត្ត​ទៅក្នុង​ទីដទៃ​ដូចម្តេច​បាន មុខជា​នឹងត្រឡប់​មកក្នុង​ទីនេះ​វិញ​មិនខាន ដូច្នេះ​សូម​លោក​ទាំងឡាយ​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា។ មាតាបិតា​ទាំងឡាយ​នៃសុទិន្ន​ក៏ពោល​ថា ម្នាលអ្នក​ទាំងឡាយ យើង​ទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ចុះ។
[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់​ទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ ក៏​ចូលទៅក្នុង​ទីនោះ លុះ​ចូលទៅ​ដល់ហើយ បាន​ពោលនូវ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ថា នែ​សុទិន្នសំឡាញ់ ចូរអ្នក​ក្រោកឡើង អ្នក​ឯងមាតា​បិតាព្រម​ព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​បួសក្នុង​ព្រះពុទ្ធសាសនា​ហើយ។ គ្រានោះ​សុទិន្នកលន្ទបុត្រ​បានដឹង​ថាមាតាបិតា​ព្រមព្រៀង​អនុញ្ញាតឲ្យ​ចេញចាក​ផ្ទះ ដើម្បី​បួសក្នុង​ព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មាន​ចិត្តរីករាយ​ដូចជា​អណ្តែត​ឡើង ជូត​សំអាត​ខ្លួនដោយ​ដៃទាំង​ឡាយ ហើយ​ក្រោកឡើង។ គ្រា​នោះ សុទិន្នកលន្ទបុត្រ​សំរាក​កំលាំង​បានពីរបី​ថ្ងៃ ព្រះដ៏មាន​ព្រះភាគ​គង់ក្នុង​ទីណា ក៏ចូល​ទៅកាន់​ទីនោះ លុះចូល​ទៅហើយ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សុទិន្នកលន្ទបុត្រ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំព្រះអង្គ​ជា​បុគ្គល គឺមាតា​បិតាអនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​ហើយបួស​ក្នុង​ភេទជា​បុគ្គលមិន​មានប្រយោជន៍​ដោយ​ការងារ​ក្នុងផ្ទះ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់បំបួស​ខ្ញុំព្រះអង្គ​ផងចុះ។ សុទិន្នកលន្ទបុត្រ​បានបព្វជ្ជា និង​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ​ហើយ។ សុទិន្នភិក្ខុ​ដ៏មាន​អាយុបាន​ឧបសម្បទា​ហើយ​មិនយូរ​ប៉ុន្មាន ក៏ប្រព្រឹត្ត​សមាទាន​ធុតង្គគុណ មាន​សភាព​យ៉ាងនេះ​គឺ ជាអ្នក​នៅក្នុង​ព្រៃ ប្រព្រឹត្ត​បិណ្ឌបាត ប្រើប្រាស់​សម្ពត់​បំសុកូល និងត្រេច​ទៅ​(បិណ្ឌបាត) តាម​លំដាប់ផ្ទះ ហើយ​ចូលទៅ​អាស្រ័យ​នៅក្នុង​ស្រុកវជ្ជី​ឯណា​នីមួយ។
[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្ស​ទាំងឡាយនឹង​ចិញ្ចឹមជីវិត​បានដោយ​កម្រក្រៃពេក មនុស្សណា​ដែលក្រលំ​បាកស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករ​គេបាន ក៏​មិនងាយ​នឹងទិញ​ដូរដែរ លុះ​តែមានស្លាក​ជាទី​សំគាល់​ទើបទិញ​ដូរបាន ជនទាំង​អស់ក្នុង​ស្រុកនោះ​នឹងព្យាយាម​ស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក។ លំដាប់​នោះឯង​សុទិន្នភិក្ខុដ៏​មានអាយុ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ក្នុង​កាលឥឡូវ​នេះ ស្រុកវជ្ជី​មានអំណត់​អត់បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បានដោយ​កម្រ​ក្រៃពេក មនុស្ស​ណាដែល​ក្រលំបាក​ស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករបាន ក៏មិន​ងាយនឹង​ទិញដូរ​ដែរ លុះតែ​មានស្លាក​ជាទីសំគាល់ ទើប​ទិញដូរ​បាន ជង​ទាំងអស់​ក្នុងស្រុក​នោះ នឹង​ព្យាយាម​ស្វែងរក​អាហារ​បានដោយ​កម្រក្រៃ​ពេក ញាតិទាំង​ឡាយរបស់​អញមាន​ច្រើនក្នុង​ក្រុងវេសាលី ជា​អ្នកស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ​និងស្រូវ​ច្រើន បើ​ដូច្នោះ មានតែ​អាត្មាអញ​គប្បីចូល​ទៅអាស្រ័យ​នូវញាតិ​ទាំងឡាយ​ហើយ​នៅ ញាតិ​ទាំងឡាយ​សោត អាស្រ័យ​នូវអាត្មា​អញហើយ នឹង​បានឲ្យ​ទាន និង​ធ្វើបុណ្យ ភិក្ខុ​ទាំងឡាយ​នឹងបាន​លាភផង អាត្មាអញ​នឹងមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ទើប​សុទិន្នភិក្ខុដ៏​មានអាយុ​រៀបចំ​សេនាសនៈ ហើយ​កាន់យក​បាត្រនិង​ចីវរ ក្រុងវេសាលី​នៅក្នុង​ទិសណា ក៏ចៀស​ចេញទៅ​ក្នុង​ទិស​នោះ កាល​ដែលត្រាច់​ទៅកាន់​ចារិកដោយ​លំដាប់ៗ ក្រុងវេសាលី​នៅក្នុង​ទីណា ក៏ចូល​ទៅដល់​ទីនោះ។ មាន​ដំណឹង​ថា សុទិន្នភិក្ខុដ៏​មានអាយុ​នៅក្នុង​កូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី​នោះ។ ពួក​ញាតិ​សុទិន្នភិក្ខុដ៏​មានអាយុ​បានឮថា​សុទិន្នភិក្ខុ​ជាកលន្ទបុត្រ​មកដល់​ក្រុងវេសាលី​ហើយ ពួក​ញាតិ​ទាំងនោះ ក៏​នាំនូវ​ភោជន​ប្រមាណ​ហុកសិប​សម្រាប់ទៅ​ប្រគេន​សុទិន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ចែកចាយ​សម្រាប់​ប្រមាណ​ហុកសិបថាស​នោះ ដល់ភិក្ខុ​ទាំងឡាយ ហើយ​ស្លៀកស្បង់​ប្រដាប់ដោយ​បាត្រនិង​ចីវរក្នុង​វេលាព្រឹក ហើយ​ចូល​ទៅកាន់​កលន្ទគ្រាម​ដើម្បី​បិណ្ឌបាត កាលដើរ​ទៅដើម្បី​បិណ្ឌបាត​តាមលំដាប់​ផ្ទះក្នុង​កលន្ទគ្រាម លំនៅ​នៃបិតា​របស់ខ្លួន​នៅក្នុង​ទីណា ក៏ចូល​ទៅក្នុង​ទីនោះ។ ក៏ក្នុង​សម័យ​នោះឯង ទាសី​របស់ញាតិ​នៃសុទិន្នភិក្ខុ​ដ៏មានអាយុ មាន​ប្រាថ្នាដើម្បី​ចោលនំកុម្មាស​ផ្អូម។ គ្រានោះ សុទិន្នភិក្ខុ​ដ៏មាន​អាយុ​និយាយ​នឹងខ្ញុំស្រី​របស់ញាតិ​នោះថា ម្នាលនាង​ទាសី បើនំ​នោះជារបស់​ចោលហើយ ចូរនាង​ចាក់ដាក់​មកក្នុង​បាត្រអាត្មា​នេះវិញ។ លំដាប់​នោះ ខ្ញុំស្រីនៃ​ញាតិរបស់​សុទិន្នដ៏​មានអាយុ ក៏ចាក់​នំកុម្មាសផ្អូម​នោះទៅ​ក្នុងបាត្រ​របស់​សុទិន្ន ហើយ​បានស្គាល់​ជាក់នូវ​ដៃជើង និង​សំឡេង​របស់​សុទិន្ននោះ​ច្បាស់។ វេលា​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ​នៅក្នុង​ទីណា ខ្ញុំស្រី​របស់ញាតិ​នៃសុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ ក៏​និយាយនឹង​មាតារបស់​សុទិន្នដ៏​មានអាយុ​ថា បពិត្រ​អ្នកម្ចាស់ សូម​អ្នកជ្រាប សុទិន្នជា​អយ្យបុត្រ​និមន្តមក​ដល់ហើយ។ មាតា​របស់​សុទិន្ន​ឆ្លើយថា នែ​ហង បើហង​ឯងនិយាយ​ពាក្យពិត​មែន អញ​នឹងឲ្យ​ហងរួចជា​អ្នកជា។ សម័យ​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ក៏ឆាន់​នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា១។ ចំណែក​ខាងបិតា​របស់សុទិន្ន​មកពីធ្វើ​ការងារវិញ ក៏បាន​ឃើញ​សុទិន្នកំពុង​ឆាន់នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា លុះឃើញ​ហើយ សុទិន្នភិក្ខុ​នៅក្នុង​ទីណា (បិតានោះ) ក៏ចូល​ទៅក្នុង​ទីនោះ លុះចូល​ទៅហើយ ក៏​និយាយ​នឹងសុទិន្ន​ដ៏មាន​អាយុថា នែ​សុទិន្នកូន យើង​ជាអ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន ថ្វីក៏​លោកមក​ឆាន់នំកុម្មាសផ្អូម​វិញ សុទិន្ន​កូនគួរតែ​លោកទៅ​ឯផ្ទះរបស់​ខ្លួនវិញ។ សុទិន្នភិក្ខុ​ឆ្លើយថា បពិត្រ​គហបតី អាត្មា​បានទៅ​ឯផ្ទះ​ញោម​ហើយ នំកុម្មាសផ្អូម​នេះ អាត្មា​បានពីផ្ទះ​នោះមក។ លំដាប់​នោះ បិតា​សុទិន្នភិក្ខុ​ក៏ចាប់កំភួន​ដៃសុទិន្នភិក្ខុ ហើយ​និយាយ​នឹង​សុទិន្នថា សុទិន្ន​កូន លោក​ចូរមក យើង​នឹងទៅ​ផ្ទះ។ លំដាប់​នោះ លំនៅ​​បិតា​របស់​ខ្លួននៅ​ក្នុងទីណា សុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​បានក្រាល​ប្រគេន។ បិតា​ក៏និយាយ​នឹងសុទិន្ន​ក្នុងពេល​នោះថា សុទិន្នកូន សូម​លោកនិមន្ត​ឆាន់ចង្ហាន់។ សុទិន្ន​ឆ្លើយថា ណ្ហើយ​គហបតី ថ្ងៃនេះ​អាត្មាភាព​ឆាន់រួច​ហើយ។ បិតា​ឆ្លើយថា សុទិន្ន សូម​លោក​និមន្ត​ទទួល​ចង្ហាន់​ក្នុងថ្ងៃ​ស្អែក។ សុទិន្នភិក្ខុ​ក៏ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ សុទិន្នភិក្ខុ​ក៏ក្រោក​ចាកអាសនៈ ហើយ​និមន្តទៅ​ក្នុងពេល​នោះឯង។
Pdach Kar

Pdach Kar

No comments:

Post a Comment

Powered by Blogger.