បារាជិកកណ្ឌ សិក្ខាបទទី ២
[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុប្រើមនុស្សឲ្យបង្ហាប់ប្រថពីដោយអាចម៍គោស្រស់ រួចឲ្យគរគំនរទ្រព្យពីរគំនរ គឺប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ បុរសឈរខាងអាយមើលទៅបុរសឈរខាងនាយមិនឃើញ បុរសឈរខាងនាយមើលមកបុរសឈរខាងអាយក៏មិនឃើញ ហើយឲ្យបិទបាំងគំនរទាំងពីរនោះដោយកន្ទេល ឲ្យក្រាលអាសនៈទុកត្រង់កណ្តាល រួចឲ្យបាំងរនាំជុំវិញពីខាងក្រៅ (គំនរនោះ) ហើយហៅស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុមកបង្គាប់ថា កូនស្រី បើដូច្នោះ គ្រឿងប្រដាប់ណាដែលឯងស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូនអញ ត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចុះ។ ស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុ ក៏ទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សអ្នកមាតា។ គ្រានោះ សុទិន្នដ៏មានអាយុស្លៀកស្បង់រួចកាន់យកបាត្រនិងចីវរក្នុងវេលាព្រឹក លំនៅបិតារបស់ខ្លួននៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុកបំរុង។ លំដាប់នោះ បិតារបស់សុទិន្នដ៏មានអាយុ សុទិន្នដ៏មានអាយុនៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ បង្គាប់អ្នកបំរើឲ្យបើកគំនរទ្រព្យទាំងនោះ ហើយប្រាប់សុទិន្នដ៏មានអាយុថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតានិងមត៌ករបស់ជីតាផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់សម្បត្តិផង ធ្វើបុណ្យទាំងឡាយផង សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផង ធ្វើបុណ្យឲ្យទានផង។ សុទិន្នតបថា ញោម អាត្មាមិនអាចនឹងសឹកបានទេ ព្រោះអាត្មាពេញចិត្តតែក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌។ បិតាសុទិន្នដ៏មានអាយុនិយាយនឹងសុទិន្នដ៏មានអាយុជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតានិងមត៌ករបស់ជីតាផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានគ្រប់គ្រងសម្បត្តិទាំងឡាយផង ធ្វើបុណ្យឲ្យទានផង។ សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយគ្រប់គ្រងសម្បត្តិទាំងឡាយផង ធ្វើបុណ្យឲ្យទានផង។ សុទិន្នតបថា គហបតី បើញោមអត់ទោសឲ្យអាត្មាភាព ៗ នឹងសូមជំរាបញោមបន្តិច។ បិតាទទួលព្រមថា សុទិន្នកូន ចូរលោកនិយាយមកចុះ មិនជាអ្វីទេ។ សុទិន្នភិក្ខុក៏ប្រាប់ថា គហបតី បើដូច្នោះ ញោមត្រូវបង្គាប់មនុស្សឲ្យធ្វើការុងធ្មៃធំៗ ហើយឲ្យច្រកប្រាក់និងមាសឲ្យពេញ រួចផ្ទុកដោយរទេះ យកទៅចាក់ចោលក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី ព្រោះថាទ្រព្យទាំងពួងតែងមានដល់អ្នកណាហើយ សេចក្តីខ្លាចក្តី សេចក្តីតក់ស្លុតក្តី សេចក្តីព្រឺរោមក្តី ការថែរក្សាក្តី តែងមានដល់អ្នកនោះមិនខាន ព្រោះតែទ្រព្យទាំងនោះជាហេតុ (បើអ្នកយកមាសប្រាក់ទៅចាក់ចោលក្នុងខ្សែទឹកហើយ) សេចក្តីអន្តរាយមានភ័យជាដើមនោះ នឹងមិនមានដល់អ្នកឡើយ។ កាលសុទិន្នដ៏មានអាយុពោលយ៉ាងនេះហើយ បិតារបស់សុទិន្នដ៏មានអាយុ មានសេចក្តីទោមនស្សតូចចិត្តថា ហេតុដូចម្តេចបានជាលោកសុទិន្នជាកូនពោលយ៉ាងនេះ។ គ្រានោះឯង បិតារបស់សុទិន្នដ៏មានអាយុ ទើបហៅស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមកប្រាប់ថា នែនាងក្រមុំ បើដូច្នោះ នាងឯងជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូនអញ នាងធ្វើដូចម្តេចនឹងឲ្យសុទិន្នកូនអញធ្វើតាមពាក្យនាងបាន។ គ្រានោះឯង ស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុបានប្រវាឱបជើងទាំងពីររបស់សុទិន្នដ៏មានអាយុ ហើយបាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុថា បពិត្រអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុនៃស្រីអប្សរទាំងឡាយណា ស្រីអប្សរទាំងឡាយនោះមានទ្រង់ទ្រាយប្រពៃដូចម្តេចទៅ។ សុទិន្នភិក្ខុឆ្លើយថា នែប្អូនស្រី អាត្មាមិនបានប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេ។ វេលានោះ ស្រីបុរាណទុតិយិការបស់សុទិន្នភិក្ខុក៏នឹកទោមនស្សតូចចិត្តថា តាំងពីថ្ងៃនេះទៅ លោកសុទិន្នអយ្យបុត្រគ្រាន់តែហៅអញថាប្អូនស្រីៗប៉ុណ្ណោះទេ ដូច្នេះហើយក៏ជ្រប់ដួលដេកក្នុងទីនោះឯង។ គ្រានោះ សុទិន្នដ៏មានអាយុទើបនិយាយពាក្យនេះនឹងបិតាថា គហបតី បើញោមមានភោជន គួរនឹងឲ្យទាន អាត្មាបានសូមញោមឲ្យទានមកចុះ កុំធ្វើអាត្មាឲ្យលំបាកពេកឡើយ។ បិតាសុទិន្នឆ្លើយថា សុទិន្នកូន ភោជនាហារនោះមាន សូមលោកនិមន្តឆាន់ចុះ។ វេលានោះ មាតាបិតារបស់សុទិន្នដ៏មានអាយុបានចាត់ចែងចង្ហាន់ដ៏ឆ្ងាញ់ពិសាឲ្យសុទិន្នភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯង។ សម័យនោះឯង មាតារបស់សុទិន្នដ៏មានអាយុបាននិយាយនឹងសុទិន្នភិក្ខុនៅវេលាឆាន់រួចហើយ លែងលូកដៃទៅក្នុងបាត្រហើយថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ នែសុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់នូវទ្រព្យសម្បត្តិទាំងឡាយផង ធ្វើបុណ្យឲ្យទានផង សុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក ហើយនឹងចាយវាយនូវសម្បត្តិទាំងឡាយ ធ្វើបុណ្យឲ្យទានចុះ។ សុទិន្នភិក្ខុឆ្លើយថា ញោម អាត្មាមិនអាចហ៊ាន (ធ្វើយ៉ាងនោះទេ) អាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តព្រហ្មចរិយធម៌តែម្យ៉ាង។ មាតារបស់សុទិន្នដ៏មានអាយុបាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុដ៏មានអាយុជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា សុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ សុទិន្នកូន បើដូច្នេះ សូមលោកអាណិតគ្រាន់តែឲ្យពូជបន្តិចចុះ កុំឲ្យពួកស្តេចលិច្ឆវីមករឹបជាន់ យកទ្រព្យសម្បត្តិជារបស់យើង ដែលជាត្រកូលឥតកូននោះឡើយ។ សុទិន្នភិក្ខុឆ្លើយថា ញោម បើគ្រាន់តែធ្វើកិច្ចប៉ុណ្ណេះ អាត្មាអាចធ្វើឲ្យបាន។ មាតាសុទិន្នសួរថា សុទិន្នកូន ឥឡូវនេះលោកគង់នៅឯណា។ សុទិន្នភិក្ខុតបថា ញោម អាត្មានៅក្នុងព្រៃមហាវន។ គ្រានោះឯង សុទិន្នដ៏មានអាយុ ក៏ក្រោកចាកអាសនៈហើយចេញដើរទៅ។[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមក ហើយនិយាយថា ម្នាលនាងកូនប្រសា បើកាលណានាងមានរដូវហើយ ផ្កាគឺឈាមរបស់នាងកើតឡើងហើយ នាងត្រូវប្រាប់ដល់ម៉ែក្នុងកាលនោះ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សម៉ែ។ លំដាប់នោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ មិនយូរប៉ុន្មាន នាងក៏មានរដូវ ផ្កាគឺឈាមនៃនាងនោះក៏កើតឡើង។ ទើបនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានប្រាប់មាតារបស់សុទិន្នដ៏មានអាយុយ៉ាងនេះថា ម៉ែ ខ្ញុំមានរដូវហើយ ផ្កាគឺឈាមរបស់ខ្ញុំកើតហើយ។ មាតាតបថា ម្នាលនាងកូនប្រសា បើដូច្នោះ នាងឯងប្រដាប់តាក់តែងដោយគ្រឿងអលង្ការឯណា ដែលជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូន (យើង) នាងចូរប្រដាប់តាក់តែងដោយគ្រឿងសម្រាប់ស្អិតស្អាងនោះចុះ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ច៎ាសម៉ែ។ លំដាប់នោះ មាតារបស់សុទិន្នដ៏មានអាយុ ក៏នាំនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុចូលទៅកាន់ព្រៃមហាវនដែលសុទិន្នភិក្ខុនៅនោះឯង លុះចូលទៅហើយ ក៏បានពោលនូវពាក្យនេះនឹងសុទិន្នដ៏មានអាយុថា ម្នាលសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានរបស់សម្រាប់ប្រើប្រាស់ មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន ម្នាលសុទិន្នកូន អ្នកត្រឡប់មកដើម្បីហីនភេទ ក៏គង់នឹងបានបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង ម្នាលសុទិន្នកូន អ្នកត្រូវត្រឡប់មកកាន់ហីនភេទជាគ្រហស្ថវិញ ហើយបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង។ សុទិន្នតបថា ញោម អាត្មាសឹកមិនកើតទេ អាត្មាមិនព្រមសឹកទេ អាត្មាត្រេកអរតែប្រព្រឹត្តព្រហ្មចរិយធម៌។ មាតារបស់សុទិន្នដ៏មានអាយុ បាននិយាយនឹងសុទិន្នដ៏មានអាយុអស់វារៈ២-៣ដងយ៉ាងនេះថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន នែសុទិន្នកូន បើដូច្នោះ អ្នកចូរឲ្យត្រឹមតែពូជចុះ កុំឲ្យពួកស្តេចលិច្ឆវីមករឹបយកសម្បត្តិទ្រព្យយើង ដែលជាត្រកូលឥតកូនទៅបាន។ សុទិន្នឆ្លើយថា ញោម អាត្មាអាចធ្វើកិច្ចនេះជូនបាន ហើយក៏ចាប់ដៃនាងបុរាណទុតិយិកា កៀកចូលទៅកាន់ព្រៃមហាវន យល់ឃើញថាមិនមានទោស ព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្ត ហើយញុំាងមេថុនធម្មឲ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វារៈ៣ដង នាងក៏មានគភ៌ដោយមេថុនសេវនៈនោះ។
[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮទូទ័រឡើងទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។ ចាតុម្មហារាជិកាទេវតាទាំងឡាយឮសំឡេងភុម្មទេវតាទាំងនោះហើយ ក៏ញុំាងសំឡេងឲ្យឮឡើងទៅ ពួកទេវតាជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូតដល់) ពួកព្រហ្ម (បានឮសំឡេងតៗគ្នាមកហើយ) ក៏ញុំាងសំឡេងឲ្យឮឡើងៗទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ មកធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។ សូរសព្ទ (យ៉ាងនេះ) ក៏ឮកងរំពងឡើងទៅដរាបដល់ព្រហ្មលោកដោយ១ខណៈ ១រំពេចនោះឯង។ គ្រានោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ អាស្រ័យគភ៌នោះកាន់តែចាស់ឡើងជាលំដាប់ ទើបសំរាលនូវកូនប្រុសមួយ។ លំដាប់នោះ ពួកសំឡាញ់សុទិន្នដ៏មានអាយុ បានតាំងឈ្មោះទារកនោះថា ពីជក បានតាំងឈ្មោះនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុថា ពីជកមាតា បានតាំងឈ្មោះសុទិន្នដ៏មានអាយុថាពីជកបិតា។ លុះដល់សម័យខាងក្រោយមក អ្នកទាំងពីរនោះបានចេញចាកផ្ទះ ហើយបួសក្នុងភេទជាបុគ្គលអ្នកមិនមានប្រយោជន៍ដល់ការងារក្នុងផ្ទះហើយបានធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តផល។
[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយស្តាយក្រោយ ក៏កើតមានដល់សុទិន្នដ៏មានអាយុថា អាត្មាអញពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្ស ពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យ ដែលព្រះសាស្តាទ្រង់សំដែងដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត។ ព្រោះសេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយស្តាយក្រោយនោះឯង សុទិន្នក៏ទៅជាស្គមប្រដក់ មានសម្បុរអាក្រក់កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តនឹកស្តាយក្រោយ សញ្ជប់សញ្ជឹង។ លំដាប់នោះ ភិក្ខុទាំងឡាយជាសំឡាញ់របស់សុទិន្នដ៏មានអាយុ បាននិយាយពាក្យនេះនឹងសុទិន្នដ៏មានអាយុថា អាវុសោសុទិន្ន កាលពីដើម លោកមានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខដ៏ថ្លា មានសម្បុរថ្ងៃស្រស់បស់ផូរផង់ល្អ ឥឡូវនេះលោកទៅជាស្គមសៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃមានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តក្តៅក្រហាយសញ្ជប់សញ្ជឹង ម្នាលអាវុសោសុទិន្ន លោកមិនសូវត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទៅទេឬអ្វី។ សុទិន្នឆ្លើយតបថា នែលោកដ៏មានអាយុទាំងឡាយ ខ្ញុំមិនមែនមិនត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំបានធ្វើបាបកម្ម គឺសេពមេថុនធម្មនឹងស្រ្តីបុរាណទុតិយិកា ម្នាលអាវុសោទាំងឡាយ សេចក្តីសង្ស័យ និងសេចក្តីស្តាយក្រោយក៏កើតមានដល់ខ្ញុំនោះឯងថា អាត្មាអញពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យដែលព្រះសាស្តាទ្រង់សំដែងដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត។ ភិក្ខុទាំងឡាយជាសំឡាញ់ក៏និយាយថា អាវុសោសុទិន្ន លោកបួសក្នុងធម្មវិន័យ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងល្អហើយយ៉ាងនេះ មិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតបាន ព្រោះមេថុនធម្មសេវនកិច្ចណា ម្នាលអាវុសោ មេថុនធម្មសេវនកិច្ចនោះ ល្មមឲ្យលោកសង្ស័យ ល្មមឲ្យស្តាយក្រោយមែន ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ មិនមែនសំដែងដើម្បីឲ្យប្រកបដោយរាគៈទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឲ្យប្រកាន់មាំទេ (ក្រែងដូច្នេះ) មិនមែនឬ នែអាវុសោ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីឲ្យប្រាសចាករាគៈ លោកត្រឡប់ជាយល់ក្នុងធម៌នោះថា ប្រកបដោយរាគៈទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប លោកត្រឡប់ជាចូលចិត្តតម្រូវទៅរកកិលេសជាគ្រឿងប្រកបទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ លោកទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ ដើម្បីប្រាសចាករាគៈ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីញំាញីនូវសេចក្តីស្រវឹងដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បីគ្មានរាគៈ ដើម្បីនិរោធ ដើម្បីព្រះនិព្វាន (ក្រែងដូច្នេះ) មិនមែនឬ ម្នាលអាវុសោ កិរិយាលះបង់នូវកាមទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាម ព្រះអង្គក៏បានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ព្រះអង្គក៏បានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ ក៏ព្រះអង្គបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយអន្ទះអន្ទែងក្នុងកាមទាំងឡាយ ក៏ព្រះអង្គបានសំដែងហើយដោយអនេកបរិយាយ (យ៉ាងនេះ) មិនមែនឬ ម្នាលអាវុសោ កម្មដ៏លាមករបស់លោកនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះទេ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលអាវុសោ កម្មដ៏លាមករបស់លោកនេះ រមែងដឹកនាំសេចក្តីមិនជ្រះថ្លាឲ្យកើតមានដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយឲ្យទាស់ចិត្តគំនិតទៅវិញទេតើ។ លំដាប់នោះ ភិក្ខុទាំងនោះក៏តិះដៀលសុទិន្នដ៏មានអាយុដោយអនេកបរិយាយ ហើយនាំគ្នាក្រាបទូលនូវសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរសុទិន្នដ៏មានអាយុក្នុងកាលនោះថា នែសុទិន្ន ឮថាអ្នកឯងសេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ពិតមែនឬ។ សុទិន្នក្រាបទូលថា សូមទានពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស បាបកម្មដែលអ្នកឯងធ្វើនេះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតមិនកើត នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឲ្យប្រកាន់មាំទេ មិនមែនឬ ម្នាលមោឃបុរស ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាករាគៈ អ្នកឯងត្រឡប់ចូលចិត្តក្នុងធម៌នោះថាឲ្យប្រកបដោយរាគៈវិញ ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប អ្នកឯងត្រឡប់ជាចូលចិត្តថា ឲ្យប្រកបដោយកិលេសជាគ្រឿងប្រកបវិញ ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ អ្នកឯងត្រឡប់ទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ ដើម្បីឲ្យប្រាសចាករាគៈ ធម៌ដែលតថាគតសំដែងហើយ ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីព្រះនិព្វាន មិនមែនឬ នែមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស ជាសត្វមានពិសក្លៀវក្លា ប្រសើរជាងអ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាង អង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងដែលឆេះភ្លឺច្រាលរន្ទាលប្រសើរជាង អង្គជាតដែលអ្នកដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ ហេតុអ្វី បានជាតថាគតពោលដូច្នោះ មោឃបុរស ព្រោះថាមនុស្សដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះ ឯនឹងបានទំលាយរាងកាយស្លាប់ហើយ ទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះបច្ច័យដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងនោះក៏ទេ នែមោឃបុរស ចំណែកខាងភិក្ខុដែលដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមនោះ តែទំលាយរាងកាយហើយ ត្រូវទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ម្នាលមោឃបុរស កាលបើកម្មទាំងនោះ (សុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះ) អ្នកឯងនៅតែប្រព្រឹត្តធ្វើនូវអសទ្ធម្ម ជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកថយ អាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាធម៌លាក់លៀម ជាធម៌របស់ជនពីរៗអ្នក តែងប្រជុំធ្វើតាមតែប្រទះនោះ មោឃបុរស (ក្នុងសាសនានេះ) មានតែអ្នកឯងហើយ ជាអ្នកធ្វើអកុសលខាងដើមនៃអកុសលធម៌ទាំងឡាយមានប្រមាណច្រើន ហៅថាជាអ្នកផ្តើមធ្វើមុនគេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ មិនបណ្តាលឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាឡើយ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាថែមឡើងទៀតទេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ រមែងបណ្តាលឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ទាស់ចិត្តគំនិតទៅវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសុទិន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការចិញ្ចឹមក្រ ថែទាំរក្សាក្រ ប្រាថ្នាច្រើន មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងដោយអនេកបរិយាយនូវគុណនៃការដែលគេចិញ្ចឹមងាយ ការដែលគេថែទាំរក្សាងាយ ប្រាថ្នាតិច សន្តោស ចិត្តផូរផង់ ការកំចាត់បង់នូវកិលេស ការនាំឲ្យកើតសេចក្តីជ្រះថ្លា ការមិនសន្សំ និងការប្រារព្ធព្យាយាម ហើយទ្រង់សំដែងធម្មីកថាដ៏ល្មមសមគួរដល់សិក្ខាបទនោះ ដល់សំវរៈនោះចំពោះភិក្ខុទាំងឡាយ ហើយហៅភិក្ខុទាំងឡាយមក (មានព្រះពុទ្ធដីកា)ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាងគឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនអៀនខ្មាស១ ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១ ដើម្បីញុំាងបុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង១ ដើម្បីញុំាងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីឲ្យតំកល់នៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយសេពមេថុនធម្ម (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយចំពោះភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ។
វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។

No comments:
Post a Comment